Monday 30 September 2013




កម្លាំង​​ប៉េ​អឹម​ ​ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​ដាក់​​​តម្រៀប​​ណែន​ពេញ​​ផ្លូវ​ដើម្បី​ទប់​កម្មករ​​​​កាល​ពី​ថ្ងៃ ​សុក្រ​។ រូបថត ហេង ជីវ័ន


Sean Teehan Monday, 30 September 2013


ភ្នំពេញៈ មេ​ដឹក​នាំ​សហជីព មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​វាយ​បង្ក្រាប​ទៅ​លើ​កម្មករ ខណៈ​ដែល​កម្មករ​រាប់​ពាន់​នាក់​នៃ​រោងចក្រ SL នឹង​ដើរ​ដង្ហែ​ក្បួន​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​នេះ បន្ទាប់​ពី​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ជា​ច្រើន​រយ​នាក់ និង​ឡាន​ទឹក ធ្វើ​ការ​ទប់​ស្កាត់​ការ​ដើរ​ដង្ហែ​ក្បួន​របស់​កម្មករ កាល​ពី​ថ្ងៃ​សុក្រ។


លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅឌូ) បាន ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «យើង​ភ័យ​ខ្លាច​ថា នគរបាល​នឹង​បង្ក្រាប​លើ​ក្រុម​កម្មករ»។

ចាប់​តាំង​ពី​និយោជិត នៅ​រោងចក្រ​កាត់​ដេរ SL Garment Processing (Cambodia) Ltd ដែល​តំណាង​ដោយ ស៊ីខៅឌូ បាន​ចាប់​ផ្តើម​ដើរ​ចេញ​ពី​ការងារ​កាល​ពី​មួយ​ខែ​មុន បាតុកម្ម​របស់​កម្មករ​មាន​លក្ខណៈ​សន្តិភាព​ជា​ទូទៅ ហើយ​ពុំ​មាន​ការ​ជ្រៀត​ជ្រែក​ពី​អាជ្ញាធរ​ឡើយ។ ប៉ុន្តែ បាតុកម្ម​របស់​កម្មករ SL នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ក្លាយ​ជា​អំពើ​ហិង្សា ហើយ​វត្តមាន​កង​រាជ​អាវុធហត្ថ​ជាច្រើន​នាក់​ដែល​បាន​បញ្ឈប់​ការ​ដើរ​ដង្ហែ ទៅ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្រ្តី កាល​ពី​ថ្ងៃ​សុក្រ ឥឡូវ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​សង្កេត​ការណ៍​ព្រួយ​បារម្ភ​ថា អាជ្ញាធរ កំពុង​ប្រើ​វិធីសាស្រ្ត​ថ្មី​ចំពោះ​កម្មករ​ចំនួន​ប្រហែល ៦ ពាន់​នាក់​ដែល​ធ្វើ​កូដកម្ម។




លោក គង់ អាទិត្យ អនុ​ប្រធាន ស៊ីខៅឌូ បាន​ថ្លែង​ថា កម្មករ​ប្រហែល ៤ ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រោងចក្រ SL កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។ ដោយ​មាន​ញត្តិ​ដែល​លម្អិត​នូវ​ការ​ទាម​ទារ​របស់​កម្មករ​ទាំង ១១ ចំណុច ដោយ​ក្រុម​កម្មករ បាន​ដើរ​ឆ្ពោះ​ទៅ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ ប៉ុន្តែ ត្រូវ​បាន​បញ្ឈប់​ដោយ​កង​រាជ​អាវុធហត្ថ​ប្រហែល ១ ពាន់​នាក់​និង​ឡាន​ទឹក​ចំនួន ៧ គ្រឿង។

ទីបំផុត កង​រាជ​អាវុធហត្ថ​បាន​អនុញ្ញាត​ឲ្យ​បាតុករ​ចំនួន ៣០ នាក់ ឆ្លង​កាត់ និង​ប្រគល់​ញតិ្ត​របស់​ខ្លួន​ជូន​សមាជិក​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី ប៉ុន្តែ​ការ​បញ្ឈប់​របស់​អាជ្ញាធរ គឺ​ផ្ទុយ​ស្រឡះ​ពី​បាតុកម្ម​កាល​ពី​ដើម​ខែ​នេះ ដែល​កង​រាជ​អាវុធហត្ថ​បាន​ឈរ​មើល​កូដករ​រោងចក្រ SL ដែល​មាន​ចំនួន​ប្រហែល​គ្នា​រាំង​ស្ទះ​មហាវិថី​ព្រះមុនីវង្ស​នៅ​មុខ​សាលា​ ក្រុង​អស់​ពេល​ប្រហែល ៣ ម៉ោង។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា ក្នុង​អំឡុង​ក្រោយ​ពេល​បោះឆ្នោត រដ្ឋាភិបាល​បាន​យក​ពេល​វេលា​ខ្លះ​សម្រាប់​កម្មករ​កាត់​ដេរ​។ ឥឡូវ​នេះ គេ​អាច​គិត​ថា ពួកគេ​មាន​អំណាច​គេ​មាន​អារម្មណ៍​សុខ​ស្រួល​ជាង ១ ខែ​មុន»។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ថា ការ​ឆ្លើយ​តប​របស់​កង​រាជ​អាវុធហត្ថ​កាល​ពី​ថ្ងៃ​សុក្រ​ក៏​បាន​គូស​បញ្ជាក់ អំពី​ការ​ងាក​ចេញ​ពី​ការ​ថ្លែង​របស់​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍​មុន ដែល​លោក ហ៊ុន សែន និង​រដ្ឋសភា បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​យុតិ្តធម៌ និង​ដី​សម្បទាន​សេដ្ឋកិច្ច។ លោក តុលា បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា៖ «ការ​ឆ្លើយ​តប​របស់​កង​រាជ​អាវុធហត្ថ​កាល​ពី​ថ្ងៃ​សុក្រ​គឺជា​ភ័ស្តុតាង​មួយ ​ថា [គណបក្ស​ប្រជាជន] ពុំ​មាន​ឆន្ទៈ​ធ្វើ​កំណែ​ទម្រង់​រដ្ឋាភិបាល​របស់​ខ្លួន​ទេ​។ ពួកគេ​ចង់​ធានា​ថា គ្មាន​ក្រុម​ណា​អាច​ក្រោក​ឈរ និង​ធ្វើ​បាតុកម្ម​បាន​ឡើយ»។

ម្យ៉ាង​ទៀត លោក តុលា បាន​បន្ថែម​ថា ការ​ទាមទារ​របស់​កម្មករ SL ដែល​ចំណុច​សំខាន់​គឺ​ការ​បណ្តេញ​លោក មាស សុត្ថា ម្ចាស់​ភាគ​ហ៊ុន ដែល​បាន​ដាក់​កង​រាជ​អាវុធហត្ថ​ដើម្បី​យាម​ក្នុង​រោងចក្រ ប្រាក់​ថ្លៃ​អាហារ ៣ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​និង​ការ​បើក​ប្រាក់​ខែ​ពេញ​ជូន​កម្មករ​ដែល​បាន​ធ្វើ ​កូដកម្ម និង​ការ​រំសាយ​កង​រាជ​អាវុធហត្ថ​ក្នុង​រោងចក្រ អាច​បំពេញ​បាន​យ៉ាង​ងាយ ប្រសិន​បើ​ថ្នាក់​គ្រប់​គ្រង​ធ្វើ​ការ​ចរចា​ជាមួយ​នឹង ស៊ីខៅឌូ។

ថ្នាក់​គ្រប់​គ្រង​នៅ​រោងចក្រ SL បាន​អះអាង​ថា ការ​ទាមទារ​របស់​កម្មករ​ដែល​បាន​វិល​ចូល​ធ្វើ​ការ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ ខ្លី បន្ទាប់​មក បាន​ធ្វើ​កូដកម្ម​វិញ បន្ទាប់​ពី​កង​រាជ​អាវុធហត្ថ​ដែល​យាម​ក្នុង​រោងចក្រ​បាន​វាយ​ដំ​យ៉ាង​ធ្ងន់ មក​លើ​កម្មករ​ម្នាក់ ក្នុង​អំឡុង​បាតុកម្ម​ដ៏​តូច​មួយ​កាល​ពី​ថ្ងៃ​ទី ២០ ខែ កញ្ញា គឺជា​ការ​ទាមទារ​មិន​សម​ហេតុ​ផល។

មន្រ្តី​រដ្ឋបាល​ម្នាក់​ដែល​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា កម្មករ​រោងចក្រ SL ភាគ​ច្រើន ដែល​ចូល​រួម​ក្នុង​កូដកម្ម គឺ​ដោយ​សារ​តែ​សមាជិក ស៊ីខៅឌូ បាន​គំរាម និង​ដាក់​សម្ពាធ​មក​លើ​ពួក​គេ។

មន្ត្រី​រដ្ឋបាល​ម្នាក់​នោះ​បាន​បញ្ជាក់​ថា៖ «កម្មករ គេ​មក​ធ្វើ​ការ​វិញ ប៉ុន្តែ ស៊ីខៅឌូ បាន​ដាក់​សម្ពាធ​លើ​ពួកគេ។ ពួកគេ​តែង​តែ​បំភ័យ ហើយ​គេ​ពុំ​ផ្តល់​អត្ថ​ប្រយោជន៍​អ្វី​ដល់​កម្មករ​ទេ»។

លោក ខេន លូ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ថ្លែង​ថា ការ​ជាប់​គាំង​រវាង​ថ្នាក់​គ្រប់​គ្រង SL និង​កម្មករ​អាច​ជា​សញ្ញា​បង្ហាញ​អំពី​ការ​បញ្ចប់​នៃ​ការ​ដោះស្រាយ​ដោយ​ក្រុម ​ប្រឹក្សា​អាជ្ញា​កណ្តាល​។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា ពេល​ចរចា​បាន​ផុត​ទៅ​ហើយ​។ ខ្ញុំ​គិត​ថា អាជ្ញាធរ​ចាំ​បាច់​ត្រូវ​ធ្វើ​អន្តរាគមន៍»៕ TK

0 comments:

Post a Comment

Friends